ក្រុម​ត្រកូល​ប្រាក់​ចាប់​ផ្តើម​ធ្វើព្យុះ​ធ្វើភ្លៀង​ក្នុង​ខេត្តព្រះសីហនុ ដោយសារ​អាង​បង្អែក ស៊ុយ សែម !

នៅពេល​ដែល​ពីរាជ​រដ្ឋាភិបាល​ពុះបំបែក​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ថាម​ពល​ ជាពីរ​ផ្សេងគ្នា គឺ ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម​និងក្រសួងរ៉ែ​និងថាមពល​រួចមក នៅខេត្ត​ព្រះ​សីហនុ ក៏មាន​ការ​ពុះ បំបែក​មន្ទីរ​នោះ​ជាពីរ តាម​ក្រសួងដែរ ។  ហើយពេល​នេះ​ត្រូវប៉ាន់ លោក ប្រាក់ ចាន់រឿន អតីតជា​ប្រធាន​មន្ទីរឧស្សាហកម្មរ៉ែ​និង​ថាមពល ខេត្តនេះ បែរជាឡើង បុណ្យ​ត្រូវបាន​តែងតាំង​ជាអគ្គាធិការ​នៃក្រសួងរ៉ែ​និងថាមពល។

មន្ត្រីតាមម្នាក់ដែលសុំមិនបញ្ចោញឈ្មោះបានឱ្យដឹងថា ក្រោយពីមានការពុះបំបែកមន្ទីរជាពីរនោះ មន្ទីរឧស្សាហកម្ម និង សិប្បកម្មបច្ចុប្បន្នដឹកនាំដោយ លោក ប្រាក់ ប្រាកដ ជាប្រធានស្តីទីនិងជាប្រធាន រដ្ឋាករទឹកស្វយ័តខេត្ត នេះ ផង ដែរ។

ឯចំណែកមន្ទីររ៉ែនិងថាមពលមកដល់ពេលនេះមិនទាន់មានប្រធានមន្ទីរទេ ប៉ុន្តែ គេបានដឹងយ៉ាងច្បាស់ថា អ្នកដែល នឹង ក្លាយជាប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ ចាន់រឿន ឈ្មោះប្រាក់សំ ប្រាថ្នា មានអាយុ ២៥ ឆ្នាំ បច្ចុប្បន្នជាអនុប្រធានអង្គភាពរដ្ឋាករទឹក ស្វយ័តខេត្ត ព្រះសីហនុដែលទើបនឹងកាន់ការងារនេះបានមួយរយៈ ខ្លីហើយ ត្រៀមឡើងជា ប្រធានមន្ទីរតែម្តង ព្រោះតែគាត់ជាមនុស្សស្និទ្ធរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ។

ប្រភពមន្ត្រីរាជការនៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពល បានសំដែងនូវការ មិនពេញចិត្ត និងឈឺចាប់ ស្ទើរចុក ឈាម នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់ និងចុកឈាម មិនហ៊ានចេញមុខ ប្រឆាំងតវ៉ាទេ ព្រោះ ពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និងលោក ប្រាក់ ចាន់រឿន ហើយដែលមានទំនាក់ទំនងមិនធម្មតា គឺប្រៀបបានដូចបងនិងប្អូន មិនមែនជាចៅហ្វាយនាយនិងកូនចៅទេ។

ដូចជា ក្នុងខណៈពេលមិនទាន់ មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះ ក្រុមមន្ត្រីចាស់ៗ នៅក្នុង មន្ទីរ ក៏បានទទូច សូមឱ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុន នឹងសំរេចតែងតាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឱ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវ អំពើ ពុករលួយ និងបក្ខពួកនិយមឬគ្រួសារនិយម ។ ដូចជា ការលើកឡើងរិះគន់យ៉ាងចំៗ ពីសំណាក់មន្ត្រីថា មានការ លើកបន្តុបកូន របស់លោក ប្រាក់ ចាន់រឿន ឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យឡើងធ្វើជាប្រធានយ៉ាងអូតូម៉ាតិចនោះ ។

ភាពមិនប្រក្រតីក្រោយការបែកធ្លាយថា លោកប្រាក់ ចាន់រឿន កាលនៅជាប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តព្រះសីហនុ ធ្លាប់មានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមជាច្រើន ។ ហើយអំពើពុករលួយនោះ រួមមានបើកដៃ ឱ្យឈ្មួញ ជីកកាយអាចម៍ដីនៅក្បែរជើងភ្នំបូកគោស្ថិតក្នុងភូមិព្រែកទុលឃុំ ទឹកថ្លា ស្រុកព្រៃនប់ ដែលមានឧកញ៉ា ហាន់ ឃាង ជាអ្នកម៉ៅការចាក់បំពេញដីលើផ្ទៃដីទំហំប្រមាណ ជាង៤០០ហិកតា ជូនក្រុមហ៊ុនសាង សង់រោងចក្រប្រេងកាត ដែលមានទីតាំងក្នុងភូមិសាស្ត្រខាងលើដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដី រាប់ពាន់រថយន្ត បែនខ្នាតធំ ដោយពុំ មាន ច្បាប់ ពីក្រសួងរ៉ែនិងថាមពលនោះទេ ។ ហើយដែលជាហេតុមួយធ្វើឱ្យបាត់ចំណូលរដ្ឋ រាប់សែនដុល្លារ នៅឆ្នាំ២០១៣ និង បន្តមកឆ្នាំ២០១៤កន្លងមកនេះ។

តាមប្រភពផ្ទៃក្នុងគេបន្តទៀតថា កន្លងមកលោក ប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រ ជាច្រើនកន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ជាដើមក៏ដូចជា ក្នុងពេលថ្មីៗនេះ ហើយ ដែលឈ្មួញមួយរូបរហូតហ៊ានយកឈ្មោះ សម្តេចមួយនោះមកកាងចាក់ដីលុបសមុទ្រ ធ្វើជាគំរូអាក្រក់ឱ្យ ពលរដ្ឋ មើល ទៀតផង ។

ជាងនេះទៅទៀត នោះ គឺករណីឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ ហើយដែល រាល់ សកម្មភាពទាំងអស់របស់លោកប្រាក់ ចាន់រឿន ក្នុង តំណែងជាប្រធានមន្ទីរឧស្សាហកម្មរ៉ែ និង ថាមពល ជាច្រើនអា ណត្តិ នោះ ពិតជាបានធ្វើឱ្យរដ្ឋ បានបាត់បង់ថវិកា រាប់សិបលានដុល្លារមិនធម្មតាមែន ។

បើនិយាយអំពីអចលនវត្ថុរបស់រដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពលមួយចំនួនវិញ បានធ្លាក់ចូលទៅកណ្តាប់ដៃរបស់ ប្រាក់ ចាន់រឿន ដោយផ្ទាល់ប្រើប្រាស់ទាំងអស់  ដូចជាឃ្លាំង ដែលមាន ផ្ទៃដីប្រ មាណ ១ ហិកតា និងមានតម្លៃ២លានដុល្លារនៅមុខមន្ទីរ ឧស្សាហកម្មជាដើម។

ភាពមិនប្រក្រតីនោះ គឺ ប្រាក់ ចាន់រឿន បានបង្កើតគំរោងឃុបឃិត ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ស្ងាត់ៗ ជាមួយ លោក ស៊ុយ សែម ឱ្យទៅជាកម្មសិទ្ធិរបស់ ប្រាក់ ចាន់រឿន យ៉ាងស្ងាត់ស្ងៀមបំផុតរហូតបច្ចុប្បន្ន ដោយគ្មានថ្នាក់ ក្រោម ណាម្នាក់ហ៊ានក្អក ឡើយ ព្រោះតែខ្លាចគាត់ដកតំណែង ។

មិនតែប៉ុណ្ណោះ ដូចជា ករណី លោកប្រាក់ ចាន់រឿន បានរត់ការលក់ដីអណ្តូង ទឹកស្អាតនៅក្បែរសាលាក្រុង ព្រះ សីហនុ(អតីតខណ្ឌមិត្តភាព) និងលក់ឃ្លាំងសំភារៈរបស់មន្ទីរស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៤ ដែលមានផ្ទៃដី ទំហំ ប្រមាណជាង១ហិកតាស្ងាត់ៗ និងស៊ីដាច់លុយអស់មួយចំនួនយ៉ាងត្រជាក់ចិត្ត បំផុត ហើយយកឈ្នះរដ្ឋមន្ត្រី មកគំរាម បិទមាត់បុគ្គលិក ទៀត ។

ផ្ទុយទៅវិញទង្វើនេះបានធ្វើឱ្យលោកប្រាក់ ចាន់រឿន ទទួលបានលុយទឹកតែកប់ក្តោងក្លាយជាសេដ្ឋីម្នាក់ នៅក្នុងក្រុង ព្រះ សីហនុ មិនចាញ់ក្រុមឧកញ៉ាប៉ុន្មាននោះទេ ដោយសារតែអំពើពុករលួយជ្រកក្រោមការងារជំនាញ របស់គាត់ជា អតីតប្រធានរ៉ែថាមពលប្រចាំខេត្តព្រះសីហនុ នោះ។

ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្ត និង អំណាចចាប់ដី លុបបឹងព្រែកទប់ដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និងជាអាងទឹកដ៏សំខាន់សំរាប់ផ្គត់ផ្គង់ទឹកស្អាត ឱ្យរដ្ឋាករទឹក ស្វយ័ត ខេត្តព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបធ្វើជាកម្មសិទ្ធិស្ទើររលាយបាតបឹងទៅហើយ។

គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់  ចាន់វាសនា ឱ្យកាន់តួ នាទីជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យធ្វើជាអនុប្រធាន អង្គ ភាពរដ្ឋាករទឹកស្វ័យតខេត្តទាំងវ័យក្មេង។

អ្វីជាការឆ្លៀតឱកាសនោះថ្មីៗនេះ បែរជាបែកធ្លាយថា លោកប្រាក់ ចាន់រឿន រត់ការជ្រោមជ្រែងលើកស្ទួយ កូនប្រុស ឈ្មោះប្រាក់ សំប្រាថ្នា ដែលមានអាយុទើប២៥ឆ្នាំនោះ ឱ្យធ្វើជាប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ព្រះសីហនុ ថែម ទៀត ។ ជុំវិញការប្រតិកម្មនឹងព័ត៌មាននេះ ការិយាល័យរបស់យើងមិនអាចសុំការបកស្រាយពីលោក ប្រាក់ ចាន់ធឿន បានទេ ព្រោះតែទូរស័ព្ទរបស់គាត់ ៣-៤ ប្រព័ន្ធគ្មានអ្នកលើក និងចុចបិទរហូត ។

ដោយឡែក ពាក់ព័ន្ធ និងទង្វើសកម្មភាពមិនប្រក្រតីខាងលើនេះ គួរតែលោករដ្ឋមន្ត្រី ស៊ុយ សែម ពិនិត្យ ឡើងវិញផង ហើយដែលបញ្ហារឿងអាស្រូវអាងលើរបស់ ប្រាក់ ចាន់រឿន មិនគួរអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង មើលរំលងនោះទេ ! ។/ ដោយ ៖ ឆ្លាមសមុទ្រ

2014_02_prasihanuk2